តើកម្ពុជាគួរយល់ព្រមបើកព្រំដែនជាមួយថៃឡើងវិញដែរឬទេនៅពេលនេះ?
លទ្ធផលនៃកិច្ចប្រជុំពិសេសរវាងភាគីកម្ពុជា និងថៃកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុងបានបង្ហាញថា ភាគីទាំង២ បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការស្វែងរកវិធានការជាក់ស្តែងដើម្បីឲ្យស្ថានការណ៍វិលទៅរកភាពប្រក្រតីឡើងវិញ។ ក្នុងនោះ ភាគីទាំង២ ក៏បានពិនិត្យសំណូមពររបស់ជប៉ុនដែលចង់ឲ្យកម្ពុជា និងថៃបើកព្រំដែននៅច្រកខ្លះឡើងវិញសម្រាប់ដឹកជញ្ជូនទំនិញចាំបាច់។ ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានត្អូញត្អែរថា ការពន្យារពេលបើកព្រំដែនកម្ពុជា និងថៃក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះបានធ្វើឲ្យក្រុមហ៊ុនជប៉ុនដែលបាន និងកំពុងវិនិយោគនៅកម្ពុជា តាមគោលនយោបាយ «ថៃបូក១» ជួបការលំបាកយ៉ាងខ្លាំង។ តើកម្ពុជាគួរយល់ព្រមបើកព្រំដែនជាមួយថៃឡើងវិញដែរឬទេនៅពេលនេះ?
តើកម្ពុជាចំណេញ និងខាតបង់អ្វី ចំពោះការឯកភាពកំណត់តំបន់ដោះមីនរួមជាមួយភាគីថៃ?
កម្ពុជា-ថៃបានឯកភាពគ្នាសាកល្បងកំណត់តំបន់សម្រាប់ការដោះមីនក្នុងរយៈពេល ១ខែខាងមុខ។ នេះបើតាមសេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃពុធទី១០ កញ្ញា។ អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ លើកឡើងពីភាពវិជ្ជមាន និងអវិជ្ជមាន របស់កម្ពុជា ក្នុងការសម្រេចចិត្តកំណត់តំបន់ដោះមីនរួមជាមួយភាគីថៃ។ ភាពវិជ្ជមានគឺ ការដោះមីនរួមគ្នានឹងធ្វើឲ្យថៃលែងមានលេសចោទប្រកាន់ថា កម្ពុជាជាអ្នកដាក់មីនតាមបន្ទាត់ព្រំដែន។ តែភាពអវិជ្ជមានគឺ ពួកគេបារម្ភថា ថៃនឹងងាយស្រួលចូលទន្ទ្រានទឹកដីកម្ពុជា ក្រោយការដោះមីនបានជោគជ័យ។
តើព្រលានយន្តហោះពោធិ៍ចិនតុង គួរអភិរក្ស និងកែច្នៃជាទីតាំងបែបណា?
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានដាក់ឲ្យចូលនិវត្តន៍ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ទៅ បន្ទាប់ពីបានដំណើរការអស់រយៈពេលជិត ៧០ឆ្នាំ។ ប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់កាលពីខែឧសភា ឆ្នាំ២០២៥ថា នឹងរក្សាទុកព្រលានយន្តហោះទំហំជាង ៤០០ហិចតានេះ ជាទ្រព្យសម្បត្តិរដ្ឋ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។ អ្នកតាមដានសង្គមនានាយល់ឃើញថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ គួរតែត្រូវបានរៀបចំឲ្យក្លាយទៅជាកន្លែងកម្សាន្ត ទេសចរណ៍ វប្បធម៌ កីឡា ដែលអាចទាក់ទាញថវិកាបានយ៉ាងច្រើនសម្រាប់ហិបរដ្ឋ។
ជម្លោះព្រំដែនកម្ពុជា ថៃអាចមានអ្វីប្រែប្រួលជាមួយនាយករដ្ឋមន្រ្តីថៃថ្មី?
កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ថៃរកបាននាយករដ្ឋមន្រ្តីទី ៣២ គឺលោក អនុធិន ឆានវីរៈគូន។ នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត បានផ្ញើសារអបអរសាទរលោក អនុធិន ឆានវីរៈគូន តែមិនភ្លេចលើកឡើងពីការចង់បានរបស់កម្ពុជាដើម្បីស្តារទំនាក់ទំនងការទូតជាមួយថៃឲ្យមានប្រក្រតីភាពឡើងវិញ។ ចំណែកនាយករដ្ឋមន្រ្តីថៃថ្មីក៏បានបង្ហាញពីការត្រៀមវិធានការដោះស្រាយជម្លោះកម្ពុជា-ថៃ ដោយសន្តិវិធី ដើម្បីកាត់បន្ថយទុក្ខលំបាក និងការបាត់បង់ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ តែអ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញថា រដ្ឋាភិបាលថ្មីថៃរបស់លោក អនុធិន ឆានវីរៈគូន ក៏មិនខុសគ្នាប៉ុន្មានពីរដ្ឋាភិបាលចាស់ដែរ ព្រោះអ្នកមានអំណាចក្នុងដៃពិតប្រាកដនៅថៃ គឺក្រុមយោធាថៃដែលហាក់បង្ហាញសកម្មភាពមិនចង់ស្តារទំនាក់ទំនងជាមួយកម្ពុជាឡើងវិញ។ ចំណែកអ្នកជំនាញយល់ថា ការស្តារទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរនៅមានភាពលំបាកនៅឡើយ។ តើទំនាក់ទំនងកម្ពុជា-ថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តីថៃថ្មីអាចមានអ្វីប្រែប្រួលខ្លះ?
បើអនុវត្តច្បាប់ដកសញ្ជាតិដែលទើបចូលជាធរមាន តើនឹងមានផលប៉ះពាល់អ្វីខ្លះ?
ច្បាប់ដកសញ្ជាតិពលរដ្ឋខ្មែរបានចូលជាធរមាន បន្ទាប់ពីការចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ក្រុមអ្នកនយោបាយនៅក្រៅប្រទេសបានលើកឡើងថា ច្បាប់នេះមានគោលដៅធ្វើបាបអ្នកនយោបាយប្រឆាំង ពិសេស លោក សម រង្ស៊ី និងក្រុមរបស់លោក។ អ្នកវិភាគយល់ថា ច្បាប់ដកសញ្ជាតិខ្មែរ មិនគួរចេញនៅពេលនេះទេ ដោយសារតែបារម្ភពីការបែកបាក់ផ្ទៃក្នុងជាតិកាន់តែខ្លាំង នៅគ្រាដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយថៃ។ តែអ្នកនាំពាក្យព្រឹទ្ធសភា ចាត់ទុកការមានច្បាប់នេះជារឿងត្រឹមត្រូវ។